ការបញ្ចប់ពលកម្មដោយបង្ខំក្នុងតំបន់ អ៊ុយហួរ
ការរំលោភបំពានលើប្រជាជន អ៊ុយហួរ និងប្រជាជន Turkic និងប្រជាជនមូស្លីមភាគច្រើន ប្រព្រឹត្តិដោយរដ្ឋាភិបាលចិន ដែលត្រូវបានចាត់ទុកជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ កំពុងធ្វើឱ្យម៉ាកយីហោវាយនភណ្ឌ និងអ្នកលក់រាយឈានមុខគេទាំងឡាយ កំពុងចូលរួមពាក់ព័ន្ធក្នុងវិបត្តិសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ពលកម្មដោយបង្ខំដែលគាំទ្រដោយរដ្ឋ មានភាពសាយភាយក្នុងតំបន់ស្វយ័ត ស៊ីនជាំងអ៊ុយហួរ (តំបន់ អ៊ុយហួរ) និងប្រសព្វគ្នាជាមួយការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរដទៃទៀត ដូចជា៖ ការឃុំឃាំងតាមទំនើងចិត្តទ្រង់ទ្រាយធំ ការបញ្ចូលលទ្ធិនយោបាយជាកាតព្វកិច្ច ការបំបែកចេញពីគ្រួសារដោយបង្ខំ និងការឈ្លបតាមដានយ៉ាងសាយភាយ។
វិស័យវាយនភណ្ឌ និងកាត់ដេរ គឺជាចំណុចគោលដៅស្នូលនៃកម្មវិធីពលកម្មដោយបង្ខំរបស់រដ្ឋាភិបាលចិន។ ហានិភ័យធំបំផុតនៃពលកម្មដោយបង្ខំសម្រាប់ឧស្សាហកម្មម៉ាកយីហោសាកល មិនមែនស្ថិតនៅកម្រិតនៃការដេរសម្លៀកបំពាក់នោះទេ ប៉ុន្តែគឺស្ថិតនៅក្នុងសង្វាក់ការផ្គត់ផ្គង់ នៅក្នុងផលិតកម្មកប្បាស និងសរសៃអំបោះ។ តំបន់ អ៊ុយហួរ គឺជាប្រភពនៃធាតុចេញកប្បាស ២០% របស់ពិភពលោកដែលគឺជាស្ថិតិដ៏សម្បើម។
ជាត្រួសៗ សម្លៀកបំពាក់ផលិតពីកប្បាសចំនួន ១ ក្នុងចំណោម ៥ ក្នុងទីផ្សារវាយនភណ្ឌសាកលលោក គឺមានផ្ទុកកប្បាសផលិតចេញពីតំបន់ អ៊ុយហួរ ហើយផ្ទុកនូវហានិភ័យដ៏ខ្ពស់ ជាផលិតផលផលិតចេញពីពលកម្មដោយបង្ខំ។
រឿយៗ មានលក្ខណៈប្រសព្វគ្នាចំនួន ៤ ដែលម៉ាកយីហោសម្លៀកបំពាក់ និងអ្នកលក់រាយចូលរួមចំណែកទៅក្នុងវិបត្តិពលកម្មដោយបង្ខំ អ៊ុយហួរ៖
១. តាមរយៈទំនាក់ទំនងពាណិជ្ជកម្មជាមួយរោងចក្រផលិតណាមួយដែលមានទីតាំងនៅក្នុងតំបន់ អ៊ុយហួរ ជាអ្នកផលិតសម្លៀកបំពាក់ ឬទំនិញផលិតពីកប្បាសដទៃទៀត។
២. តាមរយៈទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុនមានមូលដ្ឋាននៅក្រៅតំបន់ អ៊ុយហួរ ដែលមានបុត្រសម្ព័ន្ធ ឬមានប្រតិបត្តិការនៅក្នុងទីតាំងតំបន់ អ៊ុយហួរ ហើយបានទទួលយកការឧបត្ថម្ភទុនពីរដ្ឋាភិបាលចិន និង/ឬជួលកម្មករនិយោជិតផ្តល់ដោយរដ្ឋាភិបាល។
៣. តាមរយៈទំនាក់ទំនងពាណិជ្ជកម្មជាមួយអ្នកផ្គត់ផ្គង់ដែលបានជួលកម្មករនិយោជិត មកពីតំបន់ អ៊ុយហួរ ដែលត្រូវបានបញ្ជូនដោយរដ្ឋាភិបាល មកធ្វើការនៅកន្លែងធ្វើការស្ថិតនៅក្រៅតំបន់ អ៊ុយហួរ។
៤. តាមរយៈទំនាក់ទំនងអាជីវកម្មជាមួយអ្នកផ្គត់ផ្គង់នៅក្នុងប្រទេសចិន និងនៅទូទាំងសាកលលោក ដែលទិញធាតុចូលផលិតផលផលិតក្នុងតំបន់ អ៊ុយហួរ មានជាអាទិ៍ដូចជា ក្រណាត់ អំបោះ ឬកប្បាស។
ដោយសារតែកម្រិតនៃការជិះជាន់ និងការឃ្លាំមើលមានទំហំធ្ងន់ធ្ងរក្នុងតំបន់នេះ យន្តការទាំងឡាយដែលម៉ាកយីហោ និងអ្នកលក់រាយត្រូវប្រើប្រាស់ជាប្រក្រតី ដើម្បីធានាឱ្យបានថា សង្វាក់ការផ្គត់ផ្គង់របស់ខ្លួន គឺមិនមានពលកម្មដោយបង្ខំ ពោលគឺការប្រើប្រាស់សវនកម្មសិទ្ធិការងារនោះ គឺមិនអាចមានលទ្ធភាពយកមកអនុវត្តជាក់ស្តែងបានឡើយក្នុងបរិបទនេះ។ នេះគឺដោយសារតែកម្មករនិយោជិតមិនអាចនិយាយដោយស្មោះត្រង់ទៅកាន់អ្នកស៊ើបអង្កេតឯករាជ្យ ដោយមិនភ័យខ្លាចការសងសឹក ឬការគុំកួននោះឡើយ។ ដោយហេតុនេះ វិធីតែមួយគត់ដែលម៉ាកយីហោសម្លៀកបំពាក់ និងអ្នកលក់រាយ អាចធានាបានថា ខ្លួនមិនសមគំនិតជាមួយពលកម្មដោយបង្ខំនៅតំបន់ អ៊ុយហួរ គឺតាមរយៈការចាកចេញពីតំបន់នៅគ្រប់កម្រិតនៃសង្វាក់ការផ្គត់ផ្គង់ទាំងអស់ ចាប់តាំងពីកប្បាសរហូតដល់ទំនិញផលិតរួចស្រេច និងត្រូវបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនៅក្នុងវិបត្តិពលកម្មដោយបង្ខំនេះ។