ការងាររបស់យើង

វិធីសាស្ត្ររបស់ WRC

កម្មករ គឺជាប្រភពព័ត៌មានដ៏ប្រសើរបំផុតស្ដីអំពីកន្លែងធ្វើការងារ ហើយកម្មករនិយោជិតនេះហើយគឺជាចំណុចផ្ដោតការយកចិត្តទុកដាក់នៃវិធីសាស្ត្របែបស៊ើបអង្កេតរបស់ WRC។ ជាការសំខាន់ណាស់ដែល WRC ត្រូវសម្ភាសកម្មករនិយោជិតនៅក្រៅទីតាំង ដោយមិនឱ្យអ្នកគ្រប់គ្រងរោងចក្រដឹង ឬមានការចូលរួម ដើម្បីឱ្យកម្មករអាចនិយាយដោយបើកចំហ និងមិនមានការភ័យខ្លាចចំពោះការគុំកួន។ នៅពេលម៉ាកយីហោធ្វើអធិការកិច្ចលើរោងចក្រផ្គត់ផ្គង់ក្នុងកិច្ចសន្យារបស់ខ្លួន ពួកគេនិយាយជាមួយកម្មករនិយោជិតក្នុងរោងចក្រ ដែលជាការច្បាស់ណាស់ថា ពួកគេនឹងបានទទួលព័ត៌មានស្មោះត្រង់តិចតួច ឬមិនបានទទួលព័ត៌មានស្មោះត្រង់ទាំងនោះឡើង។ ចំណុចនេះហើយធ្វើឱ្យ WRC អាចបើកកកាយឱ្យឃើញអំពីការរំលោភបំពានសិទ្ធិការងារដែលម៉ាកយីហោ និងអង្គការសវនកម្មរបស់ម៉ាកយីហោទាំងនោះតែងតែព្រងើយកន្តើយ​។

WRC រក្សាឱ្យមានក្រុមការងារកម្រិតសាកល ជាអ្នកចុះស៊ើបអង្កេតនៅមូលដ្ឋានផ្ទាល់ ដែលបានស្ថាបនាបណ្ដាញទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយសហជីព ក្រុមសិទ្ធិមនុស្ស អង្គការស្ត្រី និងក្រុមសង្គមស៊ីវិលដទៃទៀតនៅជុំវិញពិភពលោក។ ជាផ្នែកមួយនៃការងាររបស់យើង WRC ចេញផ្សាយរបាយការណ៍សាធារណៈលម្អិតស្ដីពីការរកឃើញរបស់យើងនៅតាមរោងចក្រនានា ដែលយើងធ្វើការស៊ើបអង្កេត ក៏ដូចជាការឆ្លើយតបរបស់ម៉ាកយីហោ អ្នកលក់រាយ និងម្ចាស់រោងចក្រចំពោះការរកឃើញទាំងនោះផងដែរ ។ WRC បានជំរុញឱ្យម៉ាកយីហោ និងរោងចក្រផ្គត់ផ្គង់របស់ខ្លួននៅជុំវិញពិភពលោក អនុវត្តការផ្តល់សំណងសំខាន់ៗជាច្រើន៖ ការបើកប្រាក់សងកម្មករនិយោជិត ការទទួលកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ពីការងារដោយអយុត្តិធម៌ឱ្យចូលធ្វើការងារវិញ និងការកែលម្អសុវត្ថិភាពបានយូរអង្វែង។

ការឈានឆ្ពោះទៅរកការផ្លាស់ប្តូរជាប្រព័ន្ធនៅក្នុងសង្វាក់ការផ្គត់ផ្គង់

កិច្ចខិតខំរបស់​ WRC បានជួយផ្ដល់ពន្លឺ​ឱ្យគេមើលឃើញអំពីលក្ខណសម្បត្តិ និងបុព្វហេតុនៃការរំលោភបំពានសិទ្ធិការងារក្នុងសង្វាក់ការផ្គត់ផ្គង់សាកល បើកបង្ហាញអំពីភាពមិនគ្រប់គ្រាន់នៃក្របខ័ណ្ឌពិនិត្យតាមដាន គាំទ្រដោយឧស្សាហកម្ម និងជះឥទ្ធិពលដល់កិច្ចពិភាក្សាសាធារណៈស្តីអំពីគន្លងដើម្បីឈានឆ្ពោះទៅរកកំណែទម្រង់ដ៏ពិតប្រាកដ។

ការសម្រេចបានលក្ខខណ្ឌសមរម្យនៅក្នុងសង្វាក់ការផ្គត់ផ្គង់ ក៏ទាមទារមានកំណែទម្រង់ជាប្រព័ន្ធផងដែរ៖ ការ​នាំយក​​កិច្ចព្រមព្រៀងអាចជំរុញការអនុវត្តបាន មកជំនួសឱ្យ​ការសន្យា​បែបស្ម័គ្រចិត្ត​របស់​ឧស្សាហកម្ម​នៅទូទាំងពិភពលោក និងការដាក់ឱ្យម៉ាកយីហោមានកាតព្វកិច្ចត្រូវបញ្ចប់ការដាក់សម្ពាធផ្នែកតម្លៃលើអ្នកផ្គត់ផ្គង់ដែល​ជាហេតុអាចជំរុញមានការរំលោភបំពាន។ យើងជំរុញ​យុទ្ធសាស្ត្រ ដើម្បី​ធ្វើ​ឱ្យ​របៀបវារៈនេះ​ឈានទៅមុខ។

យើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ការផ្ដួចផ្ដើមគំនិតសិទ្ធិការងារប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាពបំផុតមួយចំនួន រួមទាំង Coalition to End Uyghur Forced Labour កិច្ចព្រមព្រៀងអំពីអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រដែលគ្របដណ្ដប់លើកម្លាំងការងារ Nien Hsing ទាំងមូលនៅ Lesotho កិច្ចព្រមព្រៀងអំពីអគ្គីភ័យ និងសុវត្ថិភាពអគារនៅប្រទេសបង់ក្លាដែស កម្មវិធី Alta Gracia living wage apparel factory និងកិច្ចព្រមព្រៀងគ្រប់គ្រងសហជីពដែលគ្របដណ្ដប់លើកម្លាំងការងារ Fruit of the Loom workforce នៅក្នុងប្រទេសហុងឌូរ៉ាស ដែលជួយធានាសិទ្ធិក្នុងការចងក្រង និងការចរចា​សមូហភាព។