អំពីសមាគម
អំពីសមាគមសិទ្ធិកម្មករ (WRC)
សមាគមសិទ្ធិកម្មករ (WRC) គឺជាអង្គការពិនិត្យតាមដានសិទ្ធិការងារឯករាជ្យមួយ។ យើងស៊ើបអង្កេតលើលក្ខខណ្ឌការងារនៅតាមរោងចក្រនានាជុំវិញពិភពលោក។ គោលបំណងរបស់យើង គឺដើម្បីចងក្រងជាឯកសារ និងប្រយុទ្ធប្រឆាំងជាមួយស្ថានភាពការងារដែលកេងប្រវ័ញ្ចញើសឈាមពលករ កំណត់អត្តសញ្ញាណ និងបើកបង្ហាញអំពីការអនុវត្តរបស់ម៉ាកយីហោសាកល និងអ្នកលក់រាយទាំងឡាយណាដែលធ្វើឱ្យការរំលោភបំពានសិទ្ធិការងារកើតមានអូសបន្លាយ និងការពារសិទ្ធិរបស់កម្មករនិយោជិតដែលជាអ្នកផលិតផលិតផលវាយនភណ្ឌ និងផលិតផលដទៃទៀត។
WRC ធ្វើការស៊ើបអង្កេតឯករាជ្យដោយយកកម្មករនិយោជិតជាគោលចម្បង ចេញរបាយការណ៍សាធារណៈស្ដីពីការរោងចក្រដែលផលិតសម្រាប់ម៉ាកយីហោធំៗ និងជួយជ្រោមជ្រែងដល់កម្មករនិយោជិតនៅតាមរោងចក្រទាំងអស់នេះនៅក្នុងកិច្ចខិតខំពួកគេ ដើម្បីបញ្ចប់ការរំលោភបំពាន និងការពារសិទ្ធិនៅកន្លែងការងាររបស់ពួកគេ។ WRC មានអ្នកស៊ើបអង្កេតក្នុងបណ្ដាប្រទេសជាច្រើន ហើយធ្វើការជាមួយអង្គការសង្គមស៊ីវិលរាប់រយអង្គការក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា អាស៊ីខាងត្បូង តំបន់អាមេរិក និងតំបន់អាហ្វ្រិក។
លក្ខខណ្ឌការងារ និងប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករនិយោជិតកម្មន្តសាលក្នុងពិភពលោក ទាមទារឱ្យមានការផ្លាស់ប្តូរជាប្រព័ន្ធនៅក្នុងសង្វាក់ការផ្គត់ផ្គង់សាកលរបស់ម៉ាកយីហោនាំមុខនានា ពោលគឺជាការផ្លាស់ប្តូរដែលម៉ាកយីហោ និងអ្នកលក់រាយ មិនអនុវត្តដោយស្ម័គ្រចិត្តនោះឡើយ។ ម្យ៉ាងវិញទៀត បន្ថែមលើការងាររបស់យើងដែលផ្ដោតជាក់លាក់តាមរោងចក្រ WRC ព្យាយាមជួយជំរុញកិច្ចព្រមព្រៀងចងកាតព្វកិច្ចរវាងអ្នកតំណាងកម្មករនិយោជិតជាមួយសាជីវកម្មកម្រិតសាកល។ នៅក្នុងសេដ្ឋកិច្ចពិភពលោកដែលការជំរុញការអនុវត្តបទដ្ឋានការងារសាធារណៈប្រកបដោយអត្ថន័យនៅមានភាពខ្សត់ខ្សោយ ហើយកម្មវិធី “ការទទួលខុសត្រូវផ្នែកសង្គមរបស់សាជីវកម្ម” ដោយស្ម័គ្រចិត្ត តែងតែបរាជ័យជាប្រចាំក្នុងការការពារកម្មករនិយោជិត កិច្ចព្រមព្រៀងឯកជនដែលអាចជំរុញការអនុវត្តបាន ដូចជា កិច្ចព្រមព្រៀងស្តីពីសុវត្ថិភាពអគ្គីភ័យ និងអគារក្នុងប្រទេសបង់ក្លាដែស (Accord on Fire and Building Safety in Bangladesh) ដែល WRC បានជួយបង្កើត និងអនុវត្ត គឺជាយន្តការដ៏ប្រសើរបំផុតដែលអាចជួយបង្កើតផលចំណេញជាក់ស្ដែងសម្រាប់កម្មករនិយោជិត។
WRC ដែលត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ ២០០០ ដោយអ្នកជំនាញផ្នែកសិទ្ធិការងារអន្តរជាតិ និស្សិត និងសាកលវិទ្យាល័យនាំមុខ WRC បានជួយជ្រោមជ្រែងដល់សាកលវិទ្យាល័យនានាក្នុងការជំរុញការអនុវត្តស្តង់ដារការងារចងកាតព្វកិច្ចដែលត្រូវបានអនុម័តដាក់ឱ្យមាន ដើម្បីការពារកម្មករនិយោជិតជាអ្នកផលិតផលវាយនភណ្ឌ ព្រមទាំងទំនិញដទៃទៀតដែលមានស្លាកយីហោរបស់សាកលវិទ្យាល័យ។ WRC មានសាកលវិទ្យាល័យ និងមហាវិទ្យាល័យជាច្រើនជាសម្ព័ន្ធភាពរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា។ WRC ក៏ធ្វើការជាមួយអង្គភាពរដ្ឋាភិបាល រួមទាំងរដ្ឋាភិបាលថ្នាក់ក្រុង និងមូលនិធិសោធនផងដែរ ដើម្បីព្យាយាមជំរុញការអនុវត្តស្តង់ដារសិទ្ធិមនុស្ស។